ក្រៅតែពីកត្តាតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិកកើនឡើងដែលកំពុងតែជំរុញឲ្យតម្លៃប្រេងសកលបន្ដឡើងថ្លៃហើយនោះ ក៏មានកត្តាសំខាន់មួយទៀតដែរ ដែលធ្វើឲ្យប្រេងឡើងថ្លៃ នោះគឺកត្តាគោលនយោបាយរបស់ធនាគារកណ្ដាលរបស់អាមេរិក ក្នុងការដោះស្រាយបញ្ហាអតិផរណាដែលកំពុងកើនឡើង។
នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ គេសង្កេតឃើញថា តម្លៃប្រេងឆៅនៅអង់គ្លេសបានកើនឡើងបន្ថែម ១% ធ្វើឲ្យតម្លៃប្រេងកើនដល់៧៤ដុល្លារ ៦០សេនក្នុង១ធុងបារ៉ែល ខណៈដែលទីផ្សារប្រេងឆៅនៅអាមេរិកវិញ បានកើនឡើងបន្ថែមជាង ១,១% នាំឲ្យតម្លៃប្រេងអាមេរិកឡើងដល់ ៧១ដុល្លារ ៦៦សេនមួយធុងបារ៉ែល។
អ្នកជំនាញ បាននិយាយថា បើទោះបីជា ថ្មីៗនេះ មានមេរោគរាតត្បាតក៏ដោយ ប៉ុន្ដែ តាមរបាយការណ៍អំពីស្ដុកប្រេងបានបង្ហាញថា តម្រូវការប្រេងឥន្ធនៈនៅតែមានខ្ពស់ ការនាំចេញប្រេងឆៅបានចាប់ផ្ដើមកើនឡើងវិញ ហើយស្ដុកប្រេងក៏មានការកើនឡើងធំជាងអ្វីដែលបានរំពឹងទុកផងដែរ។
បច្ចុប្បន្ន មេរោគបំប្លែងថ្មី អូមីក្រុងកំពុងបង្កជាព្យុះភ្លៀងខ្លាំង ដែលអាចនឹងបណ្ដាលឲ្យមានវិធានការរឹតត្បិតទូទាំងសហរដ្ឋអាមេរិក ប៉ុន្ដែការបិទខ្ទប់ប្រទេស គឺមិនត្រូវបានរដ្ឋាភិបាលអាមេរិកពិនិត្យឡើងវិញនោះឡើយ។
ទិន្នន័យពីរដ្ឋបាលព័ត៌មានថាមពលអាមេរិកបានឲ្យដឹងថា ស្ដុកប្រេងឆៅនៅអាមេរិកបានថយចុះចំនួនប្រេង ៤លាន៦សែនបារ៉ែល កាលពីសប្ដាហ៍មុន ចំនួននេះច្រើនជាងពីរដងនៃការធ្វើស្ទង់មតិដែលថា នឹងមានការថយចុះត្រឹមតែជាង ២លានបារ៉ែលប៉ុណ្ណោះ។
ការកើនឡើងនៃតម្រូវការប្រង ត្រូវបានអ្នកវិភាគទីផ្សារបញ្ជាក់ថា វាឆ្លុះបញ្ចាំងពីការរំពឹងទុកទាំងការកើនឡើងការធ្វើដំណើររបស់មនុស្សនៅអំឡុងថ្ងៃឈប់សម្រាក និងការធូរស្បើយនៃការកកស្ទះខ្សែចង្វាក់ផ្គត់ផ្គង់ ដែលបានធ្វើឲ្យរថយន្ដដឹកទំនិញ និងការដឹកជញ្ជូននានាមានសកម្មភាពផុសផុលឡើងវិញ៕