នៅថ្ងៃទី ២២ មេសា ម្សិលមិញនេះ គេឃើញមានការប្រមូលផ្តុំគ្នានៅជិតសាលាអន្តរជាតិ Paragon អមជាមួយនឹងលិខិតស្នើសុំមួយច្បាប់ ដែលអាណាព្យាបាលសិស្សនៃសាលាអន្តរជាតិមួយនេះ បានបង្ហាញពីមូលហេតុជាច្រើន ដែលនាំឲ្យមានការស្នើសុំនូវចំណុចមួយចំនួនខាងលើនេះ។ នៅក្នុងលិខិតរួមរបស់អាណាព្យាបាលសិស្សនៃសាលាអន្តរជាតិនេះ បានឲ្យដឹងទៀតថា ក្រោយពីបានទទួលសេចក្តីជូនដំណឹងពីតារាងថ្លៃសិក្សាឆ្នាំ២០២០-២០២១ របស់សាលា ដែលមានការដំឡើងថ្លៃយ៉ាងខ្លាំង បើប្រៀបធៀបនឹងឆ្នាំសិក្សា២០១៩-២០២០ ខណៈដែលស្ថានភាពសេដ្ឋកិច្ចជាសកល និងស្ថានភាពសេដ្ឋកិច្ចគ្រួសារកំពុងតែធ្លាក់ចុះយ៉ាងខ្លាំង។
ក្នុងលិខិតដដែលនេះ ក៏បានលើកឡើងពីការចំណាយបន្ថែម ទៅលើសម្ភារៈសិក្សា ដោយសារតែការរៀនតាមអនឡាញនេះដែរ។
យ៉ាងណាមិញ មកដល់ពេលនេះ គេមិនទាន់ឃើញមានលិខិតឆ្លើយតបជាផ្លូវការណាមួយពីសាលាអន្តរជាតិ Paragon ថានឹងត្រូវធ្វើតាមសំណូមពររបស់អាណាព្យាបាល ឬយ៉ាងណានោះទេ។
គួរបញ្ជាក់ថា នៅមុននេះក៏មានសាលាអន្តរជាតិមួយដែរ គឺសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដែលបានធ្វើការបន្ធូរបន្ថយថ្លៃសិក្សាខ្លះ ក្រោយពីមានការស្នើសុំពីអាណាព្យាបាលសិស្ស បើទោះបីជាមិនបានតាមស្នើសុំទាំងស្រុងក៏ដោយ៕