លោក Taihei Kobayashi ធ្លាប់មានអតីតកាលដ៏ជូរចត់ មុននឹងលោកប្រែក្លាយខ្លួនមកជានាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាតម្លៃ១ពាន់លានដុល្លារដូចសព្វថ្ងៃនេះ។ លោកធ្លាប់ជាអតីតក្មេងអនាថា ដេកនៅតាមផ្លូវ ក្នុងទីក្រុងតូក្យូប្រទេសជប៉ុន មានជីវិតរសាត់អណ្ដែតដូចចកកណ្ដាលទន្លេ។ ប៉ុន្ដែ នៅប្រមាណ ២០ឆ្នាំក្រោយមក អតីតយុវជនដែលឈប់រៀនត្រឹមថ្នាក់វិទ្យាល័យរូបនេះ បានកែប្រែជីវិតរបស់ខ្លួន១៨០ ដឺក្រេ។
តើលោក Taihei Kobayashi ធ្វើយ៉ាងដូចម្ដេច ទើបអាចប្រែជីវិតដែលធ្លាប់កប់ដល់បាត ឲ្យអណ្ដែតឡើងយ៉ាងត្រចះត្រចង់យ៉ាងដូច្នេះ?
រឿងរាវជីវិតជោគជ័យរស់លោក Kobayashi ត្រូវបានគេដឹងថា បានផ្ទុះឡើងនិងមានការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីក្រុមហ៊ុនដែលលោកបានបង្កើតឡើង ដែលមានឈ្មោះថា Sun* ទទួលបានការគាំទ្រខ្លាំងនៅពេលបោះផ្សាយលក់ភាគហ៊ុនកាលពីខែកក្កដា ឆ្នាំ២០២០ ខណៈដែលតម្លៃភាគហ៊ុនក្រុមហ៊ុននេះបានកើនឡើងដល់ទៅ៣ដងគិតតាំងពីបានបោះផ្សាយលក់រួចមក និងមានតម្លៃលើទីផ្សារដល់ទៅ ១ពាន់លានដុល្លារ។
ប៉ុន្ដែ មុននឹងអាចឈានដល់ភាពជោគជ័យដូចសព្វថ្ងៃនេះ លោក Kobayashi មានប្រវត្តិខ្សែជីវិតដ៏ជូរចត់បំផុត។
វាបានចាប់ផ្ដើមឡើងនៅជាង២០ឆ្នាំមុន ដោយលោកត្រូវបានឪពុកម្ដាយបណ្ដេញចេញពីផ្ទះ តាំងពីលោកនៅអាយុ១៧ឆ្នាំម្ល៉េះ នៅពេលដែលលោក បានឈប់រៀននៅត្រឹមថ្នាក់វិទ្យាល័យ ហើយវក់តែជាមួយនឹងតន្ត្រីប៉ុណ្ណោះ។ ការដែលឪពុកម្ដាយដេញចេញពីផ្ទះនេះ គឺដោយសារតែយុវជន Kobayashi សម្រេចបោះបង់ការសិក្សា ហើយឪពុកម្ដាយរបស់លោក មិនពេញចិត្តនឹងការសម្រេចិត្តនេះទេ ដោយពួកគាត់ចង់ឲ្យលោកបន្ដការសិក្សានៅសាកលវិទ្យាល័យតែលោកមិនព្រម។
លោក Kobayashi និយាយថា «ពួកគាត់ (ឪពុកម្ដាយ) ប្រាប់ខ្ញុំឲ្យចេញពីផ្ទះទៅ!ខ្ញុំក៏ចេញ ហើយវាក៏ទៅជាអញ្ចឹងទៅ។ ខ្ញុំចង់បានការរស់នៅដោយប្រើជីវិតរបស់ខ្ញុំ ធ្វើនូរឿងដែលខ្ញុំចង់ធ្វើ»។
ក្រោយចេញពីផ្ទះ លោក Kobayashi បានលេងភ្លេងនៅពេលថ្ងៃ ហើយពេលយប់ដេកនៅក្រៅផ្ទះ ដោយយកសម្បកកេះក្រដាស មករុំដណ្ដប់នៅពេលដែលពេលយប់រងារខ្លាំង។ លោក បានដើរអនាថាបែបនេះ អស់រយៈពេល១ឆ្នាំកន្លះ។
បុរសដែលបច្ចុប្បន្នមានវ័យ៣៧ ឆ្នាំរូបនេះ បាននិយាយថា «រដូវរងារគឺត្រជាក់ខ្លាំងណាស់។ មានពេលច្រើនណាស់ដែលគិតទៅដូចជានៅឋាននរកអញ្ចឹង ប៉ុន្ដែ ខ្ញុំនៅតែអាចយកឈ្នះពេលវេលាដ៏លំបាកទាំងនោះបាន»។
លោកបន្ថែមទៀតថា «ខ្ញុំស្ទើរតែស្លាប់ទៅហើយ! ខ្ញុំបានដេកនៅគ្រប់ទីកន្លែងទាំងអស់ឲ្យតែអាចដេកបាន»។
លុះក្រោយ លោក Kobayashi ក៏បានជួបនឹងមិត្តជិតស្និទ្ធម្នាក់កាលនៅរៀនដែលមានឈ្មោះ ថា Yushi Fukagawa ហើយពេលនោះ មិត្តម្នាក់នោះ បានហៅលោកទៅ ធ្វើការនៅក្នុងក្លឹបមួយកន្លែង។ លោកក៏បានធ្វើការនៅទីនោះ ៦ឆ្នាំ។ លុះក្រោយមកទៀត លោក Kobayashi បានសម្រេចចិត្តថានឹងផ្លាស់ប្តូរការងារចេញពីក្លឹបនោះ ដោយលោកក៏មានប្រាក់ខ្លះបានមកពីការលក់ភ្លេងនៅលើអនឡាញផងដែរ។ លោកបានទៅរកការងារថ្មីតាមការផ្សព្វផ្សាយ ដោយការងារនោះ មិនតម្រូវមានគុណវុឌ្ឍិ និងបទពិសោធន៍ការងារនោះទេ ដោយគ្រាន់តែឲ្យបេក្ខជនមកធ្វើតេស្ដជាមុនតែប៉ុណ្ណោះ។
បន្ទាប់ពីបានប្រលងសាកល្បងជាមួយនឹងបេក្ខជនទាំងអស់រយៈពេល ៦ម៉ោង ដោយរួមមានការប្រលងជំនាញគណិតវិទ្យា, ការគិតតក្កវិជ្ជា និងសមត្ថភាព IQ ជាលទ្ធផលលោក Kobayashi បានជាប់ ហើយបានចាប់ផ្ដើមធ្វើការនៅក្នុងក្រុមហ៊ុមួយ ដែលបានបង្រៀនលោកឲ្យក្លាយជាវិស្វករបង្កើតកម្មវិធី (Software Engineer)។
នៅពេលនោះហើយ ទើបលោកមានឱកាសបានជួបជាមួយនឹងលោក Makoto Hirai ដែលជាម្នាក់ក្នុងចំណោមស្ថាបនិកនៃក្រុមហ៊ុន Sun*។ ពួកគេទាំងពីរ មានគំនិតស្របគ្នាថា មានវិស្វករផលិតកម្មវិធីច្រើនណាស់ ដែលពូកែខាងការសរសេរកម្មវិធី ប៉ុន្ដែមានតិចតួចណាស់ដែលអាចប្រើប្រាស់ជំនាញទាំងនោះ បង្កើតជាគំរូអាជីវកម្មដែលអាចដំណើរការបាន។ ដូច្នេះហើយ ពួកគេទាំងពីរនាក់ បានសម្រេចចិត្តបង្កើតក្រុមហ៊ុនមួយ ដើម្បីបំពេញនូវចំណុចខ្វះចន្លោះទាំងនេះ។
នៅឆ្នាំ ២០១២ លោក Kobayashi បានទៅប្រទេសវៀតណាម ហើយបានជួលបុគ្គលិកដែលជាវិស្វករកម្មវិធីវ័យក្មេងៗជាច្រើននៅក្នុងប្រទេសនោះ។ នៅក្នុងខែមីនា ឆ្នាំ២០១៣ សមាជិកស្ថាបនិកបានដាក់បញ្ចូលក្រុមហ៊ុន Framgia Inc. នៅក្នុងប្រទេសជប៉ុន រួចត្រូវបានប្ដូរឈ្មោះមកជាក្រុមហ៊ុន Sun* វិញនៅក្នុងឆ្នាំ២០១៩។
គំនិតបង្កើតក្រុមហ៊ុននេះ គឺដើម្បីដាក់ពង្រាយវិស្វករផលិតកម្មវិធីសម្រាប់ជួយដល់អ្នកចាប់ផ្ដើមអាជីវកម្មជនជាតិជប៉ុន ដែលបាននិងកំពុងជួបបញ្ហា អាចកសាងអាជីវកម្មឆ្ពោះទៅរកការរីកចម្រើន។
លោក Kobayashi បានមានប្រសាសន៍ថា«ជំហររបស់យើងគឺត្រូវប្តេជ្ញាចិត្តចំពោះការរីកចម្រើនរបស់អ្នកចាប់ផ្តើមអាជីវកម្មទាំងនោះ ដោយមិនគិតថា តើវាធ្វើឱ្យយើងខាតបង់ ឬអត់នោះទេ»។
ប៉ុន្មានឆ្នាំក្រោយមក ក្រុមហ៊ុន Sun* បានរីកចម្រើនយ៉ាងខ្លាំង ហើយបច្ចុប្បន្នមានដល់ទៅជាង៧០អតិថិជន។ ក្រុមហ៊ុននេះ បានចុះបញ្ជីផ្សារភាគហ៊ុនតូក្យួនៅក្នុងខែកក្កដា ឆ្នាំ២០២០ ហើយភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានកើនឡើងជិត៦ដង ក្នុងកម្រិតខ្ពស់បំផុតនៅក្នុងខែកញ្ញាឆ្នាំ២០២០ ដោយបានធ្វើឲ្យតម្លៃទីផ្សារមានលើស ១,៤ ពាន់លានដុល្លារអាមេរិក។ ចាប់តាំងពីពេលនោះមក វាបានធ្លាក់ចុះ៣៧% ដោយមានមូលធនូបនីយកម្មទីផ្សារធ្លាក់ចុះមកនៅក្រោម១ពាន់លានដុល្លារ។ លោក Kobayashi មានកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុននេះ ៧,៩% ដែលមានតម្លៃប្រមាណ ៧៤លានដុល្លារអាមេរិក។
ក្រុមហ៊ុន Sun* បានប្រកាសប្រាក់ចំណូលសុទ្ធប្រមាណ៦៤៩ លានយេន (៦,២លានដុល្លារអាមេរិក) ខណៈដែលចំណូលដែលរកបានមាន ៣,៩៧ ពាន់លានយេន នៅក្នុងរយៈពេល៩ខែ ដំបូងឆ្នាំ២០២០
ក្រុមហ៊ុន Sun* កំពុងតែស្វែងរកការបង្កើនប្រាក់ចំណូលឲ្យបាន ២០ ទៅ៣០ភាគរយ នៅក្នុងមួយឆ្នាំ និងបង្កើនចំនួនបុគ្គលិកឲ្យបានទ្វេដងនៅក្នុងការិយាល័យនៃទីក្រុងតូក្យូ ឲ្យបានដល់ ១៣០នាក់នៅឆ្នាំនេះ។ ដោយឡែក នៅវៀតណាមវិញ នឹងបន្ដក្លាយជាក្រុមហ៊ុនដែលមានការិយាល័យធំជាងគេបំផុត នៅវៀតណាមដែលមានបុគ្គលិកសរុបប្រហែល ១.៣០០នាក់៕
ប្រភព៖ Bloomberg